ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង បានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅតាមខ្នងផ្ទះស្ថិតក្នុងភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង

ខេត្តកំពង់ឆ្នាំង: នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស អមដំណើរដោយឯកឧត្តម បាន បូរ័ត្ន ឯកឧត្តម ទូច ស៊ីផាត លោក ផេង ស៊ីណិត និងលោក ផល សុខសំណាង អនុប្រធានក្រុមការងារថ្នាក់កណ្ដាល, សមាជិកគណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ បានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅតាមខ្នងផ្ទះស្ថិតក្នុងភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង។

ក្នុងឱកាសនោះ ឯកឧត្ដម ឈឹម សៅគី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា ព្រមទាំងពរជ័យសព្ទសាធុការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគ្រឿងឧបភោគបរិភោគ រួមមាន ក្រម៉ា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ សាច់ជ្រូក និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន ទៅចែកជូនដល់លោកយាយ លោកតា ចាស់ជរាដែលមានពិការភាព និងមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះប្រកបដោយភាពស្និទ្ធស្នាល និងសេចក្ដីជ្រះថ្លា។

Scroll to Top