ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីកាបង្កើតក្របខ័ណ្ឌតាមដាន វាយតម្លៃ និងការប៉ាន់ប្រមាណ តម្រូវការធនធាន សម្រាប់យុទ្ធសាស្ត្រជាតិ ស្ដីពីការផ្ដល់ថ្នាំបង្ការឆ្នាំ ២០២៦-២០៣០ នៅសណ្ឋាគារភ្នំប្រុស។
គូសបញ្ជាក់ផងដែរថានេះជា សិក្ខាសាលាលើកទី២ ដែលជាជំហានដ៏សំខាន់បន្តពីលទ្ធផលនៃសិក្ខាសាលាលើកទី១ ដើម្បីប្រែក្លាយទិសដៅ និងអាទិភាពយុទ្ធសាស្ត្រដែលបានកំណត់ ឱ្យទៅជាផែនការដែលមានសូចនាករវាស់វែងលទ្ធផលច្បាស់លាស់ និងការប៉ាន់ប្រមាណដែលមានភាពប្រាកដនិយម ផ្អែកលើសកម្មភាពដែលបានគ្រោងទុក និងឆ្លុះបញ្ចាំងពីធនធានដែលមានស្រាប់ ព្រមទាំងតម្រូវការបន្ថែមដែលចាំបាច់សម្រាប់ការអនុវត្ត ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កម្មវិធីក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីផ្ដល់ថ្នាំបង្ការរយៈពេល៥ឆ្នាំទៅមុខនេះ ត្រូវមានយន្តការពិនិត្យតាមដាននិងការវាយតម្លៃច្បាស់លាស់។ ការរៀបចំផែនការសកម្មភាព និងការប៉ាន់ប្រមាណតម្រូវការថវិកា ពិតជាមានសារសំខាន់ណាស់ ក្នុងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឃឹម ប្រុស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ជា គឹមលី ទីប្រឹក្សាក្រសួងសុខាភិបាល លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក Dr. Makiko Iijima តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តំណាងអង្គការ UNICEF តំណាងអង្គការ CHAI និងលោកលោកស្រីជាប្រធាន និងតំណាងមកពីនាយកដ្ឋាននៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ កណ្ដាល ក្រចេះ កំពត ស្ទឹងត្រែង សៀមរាបនិងតាកែវ សរុបចំនួន ៥៤រូប។












