រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងទទួលបន្ទុកកិច្ចការផ្ដល់ថ្នាំបង្ការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ស្ដីពីការពិនិត្យ និងតាមដានលើវឌ្ឍនភាព នៃការអនុវត្តការងាររបស់កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ អមដោយឯកឧត្តមសាស្រ្តាចារ្យ សាន់ ចាន់សឿន ទីប្រឹក្សាក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត ជា គឹមលី ទីប្រឹក្សាក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះធ្វើឡើងក្នុង គោលបំណងពិនិត្យនូវវឌ្ឍនភាព កំណត់បញ្ហាប្រឈមអំឡុងពេលនៃការអនុវត្តការងាររបស់កម្មវិធីជាតិ និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ។
ក្រោយពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារ និងពិភាក្សាយ៉ាងលម្អិត លោកជំទាវរដ្ឋលេខាធិការ ផ្ដល់នូវអនុសាសន៍ សម្រាប់កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ដូចខាងក្រោម៖
១. កម្មវិធីជាតិ ត្រូវពិនិត្យផ្ទៀងផ្ទាត់ លើទិន្នន័យនៃការផ្ដល់វ៉ាក់សាំងទាំងអស់ រាល់ពេលរកឃើញនូវភាពខុសប្រក្រតីក្នុងប្រព័ន្ធ តាមរយៈការទំនាក់ទំនងជាមួយមូលដ្ឋានសុខាភិបាលផ្ទាល់។
២. បង្កើនការអត្រាគ្រប់ដណ្តប់គ្រប់មុខវ៉ាក់សាំងទាំងអស់ ដល់គ្រប់រាជធានី ខេត្ត ស្រុក ដោយពង្រឹងការផ្តល់សេវាថ្នាំបង្ការទាំងនៅមណ្ឌលសុខភាព និងការចុះផ្តល់សេវាតាមមូលដ្ឋានក្នុងភូមិ ងាយរងគ្រោះ និងភូមិចុះចាក់បង្គ្រប់។
៣. ពង្រឹងការស្រាវជ្រាវ និងការរាយការណ៍ពីករណីសង្ស័យជំងឺកញ្ជ្រិល-ស្អូច គ្រុនស្វិតដៃជើង និងជំងឺរលាកខួរក្បាល JE តាមមូលដ្ឋានសុខាភិបាលសាធារណៈ ឯកជន និងសហគមន៍។
៤. បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវសារអប់រំពីអត្ថប្រយោជន៍នៃការមកទទួលវ៉ាក់សាំង ព្រមទាំងការជូនដំណឹងផ្សេងៗ ជា ផ្ទាំងរូបភាព ខិតប័ណ្ណ បដា វីដេអូជាដើម លើប្រព័ន្ធបណ្ដាញសង្គម។






