(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃលើការថែទាំខួបផ្លូវចំនួន ១ខ្សែ ដោយក្រាលល្បាយក្រួសប្រវែង ៨ ១៤០ម ទទឹង ៥ម កម្រាស់ ០,២ម ស្ថិតក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (គម្រោងលេខ DRR-PM-2026-No.018) អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ប្រើប្រាស់ថវិកាជំពូក៦១។
កិច្ចត្រួតពិនិត្យ និងវាយតម្លៃមានការចូលរួមពីឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ, ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងនាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, និងតំណាងអង្គភាពលទ្ធកម្ម និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។
ទន្ទឹមនេះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ហើយពួកគាត់បង្ហាញនូវសេចក្តីរំភើបរីករាយដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាឡើងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ មានបេសកកម្មប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និង ចីរភាព និងមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និងមានសេចក្តីថ្លៃថ្នូរ ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានចាត់ទុកការស្ថាបនា ការស្តារ ថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគឺជាការវិនិយោគដ៏ចាំបាច់ ព្រោះការតភ្ជាប់បណ្តាញផ្លូវនៅតាមជនបទ មានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ ផ្លូវគឺជាសរសៃឈាមបម្រើដល់សេដ្ឋកិច្ចផងដែរ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការ បានឯកភាពទទួលយក និងវាយតម្លៃបញ្ចប់ការងារផ្លូវថែទាំខួបខាងលើ។









