ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែតុលា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែតុលា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធនិម្មិត (Zoom)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួង ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន និងគណសាខាបក្សចំណុះគណបក្សក្រសួង សរុបចំនួន ៧៧រូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សាន វិសាល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានអានសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់គណៈកម្មាធិការ គណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងការការផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅដោយបានរំលេចឡើងនូវចំណុចសំខាន់ៗមួយចំនួននៃសភាពការណ៍ជាតិ និងអន្តរជាតិ ជាពិសេសបានគូសរំលេចឡើងនូវវឌ្ឍនភាពនៃការងារអភិវឌ្ឍន៍ជនបទ និងសកម្មភាពការងារសំខាន់របស់គណៈកម្មាធិការគណបក្សក្រសួងទាំងការងារនយោបាយ និងការងារចុះពង្រឹងនៅមូលដ្ឋាន។
បន្ទាប់ពីបានស្តាប់របាយការណ៍និងទិសដៅការងារបន្តរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដែលធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗយ៉ាងច្រើនជាបន្ដបន្ទាប់គួរជាទីមោទនៈ ស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជាយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការឯកភាពលើរបាយការណ៍ការងារ និងទិសដៅការងារដែលគ្រោងដាក់ចេញ ឯកឧត្តមប្រធាន បានផ្ដាំផ្ញើដល់គណៈកម្មាធិការគណបក្សក្រសួងទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់ក្នុងការចុះចិញ្ចឹមចលនាតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងគោលបំណងដោះស្រាយទុក្ខលំបាករបស់ប្រជាជនឱ្យមានប្រសិទ្ធភាព ដោយត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធឱ្យបានជិតស្និត ជាពិសេសអាជ្ញាធរមូលដ្ឋានផ្ទាល់។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានណែនាំដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តនូវផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងឆ្នាំ២០២៧ ឱ្យបានគ្រប់ជ្រុងជ្រោយ និងសម្រេចបានជោគជ័យនៅតាមមូលដ្ឋានរបស់ខ្លួន។ ជាចុងក្រោយ ឯកឧត្តមប្រធាន បានអំពាវនាវដល់គណៈកម្មាធិការគណបក្សក្រសួងគ្រប់លំដាប់ថ្នាក់ ឱ្យបន្ដរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំជានិច្ចនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពតាមទិសស្លោក “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” និងត្រូវអនុវត្តការងារប្រកបដោយប្រសិទ្ធភាពដោយគោរពតាមគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ៕







