ខេត្តកំពង់ឆ្នាំង: នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលគ្រប់ថ្នាក់ចុះមូលដ្ឋានឃុំ ចុះសួរសុខទុក្ខលោកឪពុក អ្នកម្តាយ និងក្រុមគ្រួសាររបស់វីរកងទ័ព លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង នាយរង អនុសេនាតូចទី៣ កងអនុសេនាតូចកាំភ្លើងធំ កងពលតូចលេខ៤២ នៃយោធភូមិភាគទី៤ ជាវីរកងទ័ពជួរមុខឈរជើងការពារនៅសមរភូមិប្រាសាទតាមាន់ ដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទីកដីកម្ពុជា តទល់នឹងការឈ្លានពានដោយខុសច្បាប់របស់ទាហានសៀម ចូលក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅគេហដ្ឋានស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់លោកឪពុក អ្នកម្តាយ និងក្រុមគ្រួសាររបស់លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង នាឱកាសខែមន្តសន្តរដូវភ្ជុំបិណ្ឌ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលពីការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត បម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា រហូតអវសាននៃជីវិត។





