ខេត្តកំពង់ឆ្នាំង ៖នាព្រឹកពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំចោងម៉ោង រួមជាមួយលោកបណ្ឌិត ឆែ គឹមឈាង និងលោក អៀង ស៊ីថា អនុប្រធានក្រុមការងារ ព្រមទាំងគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ និងប្រជាការពារភូមិ បានអញ្ជើញចុះពិនិត្យ ជាក់ស្តែងស្ថានភាពទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានរងផលប៉ះពាល់ដោយសារទឹកភ្លៀងធ្លាក់យ៉ាងគំហុក (មានការ បើកទ្វាទឹកទំនប់ចាក់ទឹម ក្នុងឃុំជៀប ស្រុកទឹកផុស) នាំឱ្យខូចខាតដោយអន្លើរនូវខ្សែផ្លូវចំនួន ៧ខ្សែ ក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមាន៖
១. ផ្លូវក្រាលក្រួសក្រហម ចំនួន៥ខ្សែ ស្ថិតក្នុង ភូមិស្វាយចេក ដោយទឹកបានហូរច្រោះខូចខាតតួផ្លូវ ប្រវែងសរុបប្រមាណ ៨០០ ម៉ែត្រ
២. ផ្លូវក្រាលក្រួសក្រហម ចំនួន១ខ្សែ តភ្ជាប់ ពីភូមិដូនម៉ៅ ទៅភូមិខ្សែត ដោយទឹកបានហូរដាច់ទាំងស្រុង ប្រវែងសរុប ប្រមាណ ៣០ម៉ែត្រ
៣. ផ្លូវក្រាលក្រួសក្រហម ចំនួន១ខ្សែ តភ្ជាប់ ពីភូមិពារាំង ទៅភូមិចោងម៉ោង ដោយ ទឹកបានហូរច្រោះខូចខាតតួផ្លូវ ប្រវែងសរុបប្រមាណ ៣០០ម៉ែត្រ។
ក្រៅពីការរងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានាជំនន់ទឹកភ្លៀងខាងលើ ក៏បានបណ្តាលឱ្យលិចភូមិឋានបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ២២គ្រួសារ ព្រមទាំងប៉ះពាល់ដល់ស្រូវនិងដំណាំកសិកម្ម សរុបប្រមាណ ៥១ហិចតា។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន និងក្រុមការងារបានណែនាំដល់អាជ្ញាធរឃុំ និងភូមិឱ្យបន្តយកចិត្តទុកដាក់ តាមដានស្ថានភាពទឹក និងត្រូវឆ្លើយតបបន្ទាន់រាល់ តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងនេះ។ ជាពិសេស ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យមាន ការ បរុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងកុំបណ្តោយឱ្យកូនតូចៗទៅលេងទឹកតែម្នាក់ឯងដែលអាចបណ្តាលឱ្យមានការគ្រោះ ថ្នាក់ជាយថាហេតុ។
តាមរយៈការពិនិត្យផលប៉ះពាល់ជាក់ស្ដែង ឯកឧត្តមបណ្ឌិតប្រធាន បានណែនាំដល់អាជ្ញាធរមូលដ្ឋានឃុំ និង ភូមិត្រៀមធ្វើការជួសជុលបន្ទាន់ត្រង់ចំនុចដែលបានរងការខូចខាត ដើម្បីឱ្យប្រជាជនអាចធ្វើការប្រើប្រាស់បានឡើងវិញបន្ទាប់ពីទឹកស្រក៕








































