ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម បាន បូរ័ត្ន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង នៅស្នាក់ការគណបក្សឃុំ ដោយមានការចូលរួមពីក្រុមការងារគណបក្សថ្នាក់កណ្ដាល ថ្នាក់ស្រុក និងថ្នាក់ឃុំ។
ជំនួបសំណេះសំណាលនេះ បានផ្ដោតសំខាន់លើរបៀបវារៈចំនួនពីរ៖
១. ការត្រៀមលក្ខណៈរបស់យុវជនសម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧។
២. ការលើកកម្ពស់តួនាទី និងការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋានឃុំតាំងក្រសាំង។
ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់យុវជនក្នុងការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ព្រមទាំងបានរំលេចអំពីសមិទ្ធផលសំខាន់ៗដែលប្រទេសកម្ពុជាសម្រេចបានលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យយុវជនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងការអភិវឌ្ឍមូលដ្ឋាន ដូចជា ការងារស្ម័គ្រចិត្ត ការថែរក្សាបរិស្ថាន ការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ការលើកកម្ពស់សាមគ្គីភាពក្នុងសហគមន៍ និងការចូលរួមទប់ស្កាត់គ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។
ជាចុងក្រោយ ឯកឧត្តម បាន បូរ័ត្ន បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើន និងចីរភាព ត្រូវចាប់ផ្ដើមពីការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលម្នាក់ៗ ជាពិសេសយុវជន។ នៅពេលយុវជនមានចំណេះដឹង មានជំនាញ មានវិន័យ និងមានស្មារតីទទួលខុសត្រូវ នោះពួកគេនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។








