ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “ឧត្តមភាពឌីជីថលកម្រិតខ្ពស់សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាល ” (DEEP)

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ៤រោច-ព្រហស្បតិ៍៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា-ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “ឧត្តមភាពឌីជីថលកម្រិតខ្ពស់សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាល-Digital Excellence Elite Program for Government Leaders (DEEP)” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ចំនួន ៣៧រូប។

គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាល រួមមាន (១). ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំឌីជីថល៖ បំពាក់បំប៉នចំណេះដឹង និងជំនាញបច្ចេកវិទ្យាទំនើបដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន (៣). ជំរុញការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation)៖ គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលឆ្នាំ២០២២-២០៣៥ និង (៣). លើកកម្ពស់ប្រសិទ្ធភាពការងារសាធារណៈ៖ កែទម្រង់ការផ្តល់សេវាសាធារណៈ និងការធ្វើអធិការកិច្ច/អភិបាលកិច្ចតាមបែបឌីជីថល។

សារសំខាន់នៃវគ្គបណ្តុះបណ្តាល រួមមាន (១). ការតម្រង់ទិសយុទ្ធសាស្ត្រ៖ ជួយឱ្យយើងយល់កាន់តែច្បាស់អំពីនិន្នាការបច្ចេកវិទ្យាសកល (AI, Cloud, IoT, Big Data) និងការអនុវត្តការងារជាក់ស្តែង ដើម្បីដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសម្រាប់អង្គភាពបានត្រឹមត្រូវ និង (២). ការតភ្ជាប់បណ្តាញនៃកិច្ចសហការ (Networking)៖ ជាវេទិកាជួបជុំផ្លាស់ប្តូរបទពិសោធន៍រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលក្នុងតួអង្គរដ្ឋាភិបាលតែមួយ (Whole of Government Approach)។

វគ្គបណ្តុះបណ្តាលនេះ គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញស្ថាប័នឆ្ពោះទៅ «រដ្ឋបាលឌីជីថលឆ្លាតវៃ» ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

Scroll to Top