ខេត្តកំពង់ឆ្នាំង: នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយមន្ត្រីគណៈកម្មាធិការបក្សឃុំ ប្រធានសាខាបក្សភូមិ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំតាំងក្រសាំង។
គោលបំណងនៃកិច្ចប្រជុំ គឺការត្រៀមលក្ខណៈឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០២៧ ។ ក្នុងឱកាសនោះឯកឧត្តម ឈឹម សៅគី បានណែនាំដល់លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកគណៈកម្មការបក្សឃុំ ប្រធានសាខាបក្សភូមិឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្រុញសមាជិកគណបក្សប្រជាជនកម្ពុជាឱ្យបានចូលរួមចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ជាពិសេសយកចិត្តទុកដាក់ក្នុងការចូលរួមជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅពេលដែលពលរដ្ឋមានតម្រូវការចាំបាច់ណាមួយ។
បន្ទាប់មក ឯកឧត្តមប្រធាន បានអញ្ជើញទៅជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកថ្មី និងគ្រួសាររបស់លោក សាយ វាសនា អតីតបេក្ខជនគណបក្សប្រឆាំង ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវទាន់ពេលវេលាក្នុងការចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបាននាំយកនូវថវិកាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន ឧបត្ថម្ភជូនដល់ប្រធាន អនុប្រធាន សមាជិកគណៈកម្មការបក្សឃុំ ប្រធានសាខាបក្សភូមិ និងសមាជិកថ្មីផងដែរ។
ជាមួយគ្នានេះឯកឧត្តមប្រធានបន្តអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់នាខែតុលា នៅក្នុងភូមិស្រែអ៊ុក ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសម្របសម្រួលស្វែងរកដំណោះស្រាយសមស្រប សំដៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះបានទាន់ពេលវេលា។










