ពិធីប្រគល់-ទទួល ម៉ូតូចំនួន ១៣៨គ្រឿង ជូនដល់មន្រ្តីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិចំនួន ២០ខេត្ត
_________________
រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាគណអធិបតីក្នុងពិធីប្រគល់ទទួលម៉ូតូ ចំនួន ១៣៨គ្រឿង ជូនដល់មន្រ្តីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិ ចំនួន ២០ ខេត្ត រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្តាល ខេត្តកោះកុង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោកស្រី Nadia Lasri អ្នកគ្រប់គ្រងជាន់ខ្ពស់របស់អង្គការGAVI ប្រចាំប្រទេស តំណាងអង្គការសុខភាពពិភពលោក តំណាងអង្គការ UNICEF តំណាងអង្គការ CHAI នៅឃ្លាំងឱសថកណ្តាល (CMS)។
នាឱកាសនោះលោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលនិងអង្គការ Gavi បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំង ការពង្រឹងប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សមធម៌ក្នុងការទទួលបានសេវាថ្នាំបង្ការសម្រាប់ប្រជាជនគ្រប់រូប។ លោកជំទាវក៏បានមានប្រសាសន៍ផងដែរថា ការផ្តល់ជូនម៉ូតូចំនួន១៣៨គ្រឿងនាព្រឹកនេះ គឺជាសកម្មភាពគាំទ្រយ៉ាងសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងការជួយសម្រួលដល់ការចុះផ្តល់ថ្នាំបង្ការតាមភូមិ តំបន់ដាច់ស្រយាល ដែលប្រជាជនពិបាកមកទទួលសេវា ពិសេសការទៅស្វែងរកក្មេង Zero dose។
ជាចុងក្រោយលោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់មន្ត្រីសុខាភិបាលដែលទទួលបានម៉ូតូទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រើប្រាស់ឲ្យចំគោលដៅ និងមានការថែទាំឲ្យបានត្រឹមត្រូវ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានជូនគណៈប្រតិភូ Gavi រួមនឹងដៃគូពាក់ព័ន្ធចូលពិនិត្យមើលការទុកដាក់វ៉ាកសាំង សម្ភារៈ បរិក្ខារវ៉ាក់សាំង និងប្រព័ន្ធត្រជាក់វ៉ាក់សាំងផងដែរ។
សូមជម្រាបផងដែរថា នេះជាលើកទី៤ហើយដែលកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក បានធ្វើការចែកម៉ូតូជូនដល់មន្រ្តីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត ដោយសរុបម៉ូតូទាំងអស់មានចំនួន ៩៥៧គ្រឿង ដែលជាជំនួយរបស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៃអង្គការ GAVI។










